News | នី មុនីនាថ ក្លាយជាព្រាយដែកគោល!

នី មុនីនាថ ក្លាយ​ជា​ព្រាយ​ដែក​គោល!

ផាត់ តារារដ្ឋ

ភ្នំពេញ : តារា​ទឹក​ភ្នែក​ល្បី​ឈ្មោះ​ នី មុនីនាថ បាន​វិវត្ត​ពី​តារា​សម្ដែង​កម្សត់​ ទៅ​ជា​តួ​អង្គ​កាច​សាហាវ ដោយ​នាង​ទើប​ទទួល​បាន​កុង​ត្រា​ថ្មី​ថត​ឲ្យ​ផលិត​កម្ម​សាន់​ដេ ក្នុង​រឿង​វិទ្យាសាស្ត្រ​ក្រោម​ចំណង​ជើង​ថា «ព្រាយ​ដែក​គោល» ហើយ​រូប​នាង​បាន​តំណែង​ជា​តួ​អង្គ​ព្រាយ​តែ​ម្ដង ធ្វើ​ឲ្យ​នាង​ហេង​ហាង​ចិត្ត​មិន​តិច​នោះ​ទេ​ជាមួយ​នឹង​បទ​ពិសោធ​ថ្មី​មួយ​ នេះ​។
តារា​វ័យ​២០​ឆ្នាំ​ នី មុនី​នាថ កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​ នា​ពេល​ចុង​ក្រោយ ពោល​គឺ​ក្នុង​ពេល ​ដែល​តួ​ស្រី​ភាគ​ច្រើន​គេង​អេះ​ពោះ ​គ្មាន​ការងារ​ថត​នោះ នាង​បែរ​ជា​ក្រសោប​បាន​តំណែង​ក្នុង​វិស័យ​ភាព​យន្ត​ និង​ការ​ងារ​ថត​ចម្រៀង​ខារ៉ាអូខេ​បាន​ឲ្យ​រដឹក​។
ពាក់​ព័ន្ធ​នឹង​តំណែង​ជា​តួ​ព្រាយ​ដែក​គោល ដែល​នឹង​ដំណើរ​ការ​ថត​នៅ​ចុង​ខែ​ធ្នូ​នេះ​ ទោះ​ជា នី មុនីនាថ ​មិន​បាន​គ្រង​តំណែង​ជា​តួ​ឯក ដែល​ធ្លាក់​ទៅ​លើ​តារា​ចម្រៀង សុខ​ ពិសី ទៅ​ហើយ​ក្ដី ក៏​តារា​សម្ដែង​រូប​នេះ ពិត​ជា​មាន​សំណាង​មិន​ធម្មតា​ដែរ ខណៈ​ដែល​វា​គឺ​ជា​ខ្សែ​ភាព​យន្ត​ធំ ដែល​សាន់ដេ​ គ្រោង​ចំណាយ​ទុន​យ៉ាង​ហោច​ដប់​ម៉ឺន​ដុល្លារ​ជា​លើក​ដំបូង ព្រម​ជា​មួយ​នឹង​ការ​បំពាក់​ឧបករណ៍ ក៏​ដូច​ជា​ជួល​អ្នក​ជំនាញ​ផ្នែក​ភាព​យន្ត​ពី​បរទេស មក​ធ្វើ​រឿង​នេះ​ឲ្យ​ល្អ​ឥត​ខ្ចោះ​នោះ។

តារា​ដែល​ត្រៀម​ខ្លួន រួច​រាល់​ ក្នុង​ការ​ដំឡើង​ភ្នែក​ធំ​ៗ ដើម្បី​ចេញ​សម្ដែង​ជា​ព្រាយ​កាច​សាហាវ​រូប​នេះ ​ថ្លែង​ថា៖ «ចំពោះ​សាច់​រឿង​ទាំង​មូល​ខ្ញុំ​ដឹង​តិច​ណាស់ ព្រោះ​ខាង​ក្រុម​ហ៊ុន​ចង់​លាក់ និង​ម្យ៉ាង​ឲ្យ​ដឹង​ត្រឹម​តែ​ឈុត​ដែល​ពាក់​ព័ន្ធ​នឹង​ឈុត​របស់​ខ្ញុំ​»។
តារា​រូប​នេះ អះ​អាង​ថា ក្នុង​រឿង​នេះ ​នាង​នឹង​ដើរ​តួ​ជា​នារី​ម្នាក់ ​ដែល​មាន​ព្រាយ​ចូល ហើយ​ត្រូវ​ក្លាយ​ជា​វិញ្ញាណ​អសុរកាយ ដែល​កាច​សាហាវ តែ​ដោយ​មាន​អ្នក​ចេះ​បារមី​ម្នាក់​ដឹង​វិធី​សាស្ត្រ​បង្ក្រាប ក៏​ដំ​ដែក​គោល​​ចំ​កណ្ដាល​ក្បាល​នាង ហើយ​សណ្តំ​ព្រលឹង​ព្រាយ​ឲ្យ​លែង​មាន​ឥទ្ធិពល​នៅ​ក្នុង​ខ្លួន​នាង ធ្វើ​ឲ្យ​នាង​ប្រែ​ក្លាយ​ជា​នារី​សាមញ្ញ​ម្នាក់ ដែល​អាច​រស់​នៅ​បាន​ធម្មតា​ដូច​គេ​ដូច​ឯង។ ប៉ុន្តែ ​ដោយ​មាន​ពេល​មួយ ស្រាប់​តែ​កូន​ស្រី​នាង​ ដែល​មិន​ដឹង​រឿង​ច្រឡំ​ដក​ដែក​គោល​នោះ​ចេញ​ ទើប​ធ្វើ​ឲ្យ​នាង​ប្រែ​ក្លាយ​ជា​តួ​អង្គ​អសុរកាយ​ដូច​ដើម​។
នាង​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «តាម​ខ្ញុំ​មើល​សាច់​រឿង​ត្រួស​ៗ គឺ​ខ្ញុំ​ត្រូវ​ដើរ​តួ​ជា​តារា​ទឹក​ភ្នែក​ផង ជា​ព្រាយ​កាច​សាហាវ​ផង អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​គិត​ថា មិន​សូវ​មាន​​អ្វី​​ខុស​ប្លែក​គ្នា ​ពី​រឿង​ដែល​ខ្ញុំ​សម្ដែង​មុនៗ​ទេ»។
លោក​ ឡាយ សុខ​ចំរើន អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​សាន់ដេ​ បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត ជុំ​វិញ​សាច់​រឿង​ទាំង​មូល​ ក្នុង​រឿង​វិទ្យាសាស្ត្រ​លើក​ដំបូង​​នេះទេ​ ប៉ុន្តែ​លោក​អះ​អាង​ថា រឿង​នេះ​ពិត​ជា​​មាន​ការ​ចំណាយ​ខ្ពស់​ ព្រោះ​មាន​ឈុត​ច្រើន ដែល​ត្រូវ​ចេញ​ទៅ​ថត​ដល់​សិង្ហបុរី និង​ប្រទេស​ជិត​ខាង​​។
អ្នក​គ្រប់​គ្រង​រូប​នេះ ​បញ្ជាក់​ត្រឹម​ថា មូល​ហេតុ​នៃ​ការ​ជ្រើស​យក ​នី មុនីនាថ ឲ្យ​សម្ដែង​ជា​តួ​ព្រាយ ព្រោះ​ក្នុង​ខ្សែ​រឿង​នោះ មាន​ឈុត​ច្រើន ដែល​តម្រូវ​ឲ្យ​នាង​ស្រក់​ទឹក​ភ្នែក ក្នុង​ពេល​បារមី​ដែក​គោល​សណ្តំជាប់​វិញ្ញាណ​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​នាង។ ស្រប​ពេល​ដែល​តារា​រូប​នេះ មាន​រង្វង់​ភ្នែក​ធំៗ​ ដែល​ស័ក្ដិសម​ក្នុង​ការ​ដំឡើង​ពេល​ត្រូវ​សម្ដែង​ជា​តួ​អង្គ​ព្រាយ​ផង ទើប​ក្រុមហ៊ុន​សម្រេច​ផ្ដល់​កុង​ត្រា​នេះ​​ជា​មួយ​នាង។ លោក​មិន​អាច​កំណត់​កាល​បរិច្ឆេទ នៃ​ការ​បញ្ចប់​សាច់​រឿង​បាន​ទេ ដោយ​សារ​ការ​ថត​ត្រូវ​គោរព​តាម​បែប​ផែន​ពី​ក្រុម​អ្នក​បច្ចេកទេស​ដែល​ សាន់ដេ ទាក់​ទង​ឲ្យ​មក​ផលិត។
ទោះ​ជា​យ៉ាង​ណា រឿង​ «ព្រាយ​ដែក​គោល»​នេះ​ នឹង​មាន​គុណ​ភាព​អស្ចារ្យ​ដូច​​នឹង​ខ្សែ​ភាពយន្ដ​បរទេស​ ឬ​យ៉ាង​ណានោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ខណៈ​ដែល​ពេល​ផលិតកម្ម​សាន់ដេ ផលិត​រឿង ​«អង្គុលីមាលី» កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ ក៏​​បាន​អះ​អាង​ថា ឥត​ខ្ចោះ​ដូច​គ្នា តែ​ដល់​ពេល​ចាក់​បញ្ចាំង​បែរ​ជា​នៅ​តែ​ឃើញ​មាន​ភាព​ខ្វះ​ចន្លោះ។
លោក​ឡាយ សុខ​ចំរើន ​ថ្លែង​ថា៖ «ការ​ផលិត​រឿង​ពេល​នេះ មិន​អាច​ប្រដូច​គ្រា​មុន​បាន​ទេ ដោយ​សារ​ពេល​នេះ ក្រុម​ហ៊ុន​ហ៊ាន​ចំណាយ​លុយ​ធំ និង​មាន​ឧបករណ៍ ក៏​ដូច​ជា​អ្នក​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​ផលិត​។ ស្រប​ពេល​ដែល​ក្រុម​ហ៊ុន ក៏​មិន​អាច​ឲ្យ​តារា​ឯក​គឺ​លោក ខេមរៈ សិរីមន្ត និង​ សុខ ពិសី ធ្លាក់​ទឹក​ក្រោយ​ពេល​ខ្សែ​រឿង​នឹង​ចេញ​បញ្ចាំង​នៅ​ចុង​ឆ្នាំ​ក្រោយ ឬ​ដើម​ឆ្នាំ ២០១២​ ខាង​មុខ​នោះ ទើប​លោក​អះ​អាង​ថា រឿង​នេះ​​ពិត​ជា​ខ្សែ​រឿង​ដែល​ល្អ​បំផុត​នៅ​កម្ពុជា​៕
ដកស្រង់ចេញពី គេហទំព័រ ភ្នំពេញប៉ុស្ដិ៍

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: